បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រួមជាមួយភរិយា ឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។
នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោឃៅរបស់ថៃ យ៉ាងតិច០៧នាក់ចាប់ រំលោភបំពានលើរាងកាយ ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀម មកកាន់ប្រទេសកំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗទៀត។ ទង្វើដ៏ឃោឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរខាងលើនេះ បានកើតឡើង នៅយប់ថ្ងៃទី ១៥ វិច្ឆិកា ខណៈដែលក្រុមពលករខ្មែរ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកជិតដល់ព្រំដែនខ្មែរ-ថៃ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែរមានចំនួន១៣នាក់ ក្នុងនោះមានស្ត្រីចំនួន០៦នាក និង ក្មេងតូចម្នាក់ផង៕