ភ្នំពេញ៖ គណៈប្រតិភូខេត្តហៃណាន បានបញ្ជាក់ថា កម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន ហើយខេត្តហៃណានដែលជាតំបន់ពាណិជ្ជកម្មសេរី ត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាច្រក និងវេទិកាសម្រាប់ការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីកម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី YIN Libo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានសមាគមមិត្តភាពនៅបរទេស ខេត្តហៃហាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចពិភាក្សាការងារជាមួយលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនេះ លោក លីម ឡោកពិសិដ្ឋ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោកស្រី YIN Libo ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការរវាងកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្ម សេដ្ឋកិច្ចបៃតង និងឌីជីថល ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
រដ្ឋលេខាធិការរូបនេះ បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។
ជាការឆ្លើយតប លោកស្រី YIN Libo បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានទទួលជួបគណៈប្រតិភូខេត្តហៃណាន និងជម្រាបជូនពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន និងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តហៃណានផងដែរ។
លោកជំទាវបានបន្តថា កម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន ហើយខេត្តហៃណានដែលជាតំបន់ពាណិជ្ជកម្មសេរី ត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាច្រក និងវេទិកាសម្រាប់ការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីកម្ពុជា៕