681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាល និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។

លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក បានជម្រាបជូន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ ក្រសួងសុខាភិបាល និងចំណុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលនឹងត្រូវបានបញ្ចប់មានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូច្ចនករ ដែលបានកែសម្រួល។

ជាងនេះទៅទៀត លោកសាស្ត្រាចារ្យរដ្ឋរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ គឺពិតជាមានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង