កំពង់ធំ៖ ស្រ្តីម្នាក់ដែលអ្នកកម្ចីក្រៅប្រព័ន្ធអត់ច្បាប់ដែលមិនមានការទទួលស្គាល់ពីច្បាប់ ត្រូវបានឃាតកសម្លាប់ពេលទៅទាលុយអតិថិជន ហើយយកសពទៅកប់ក្នុងដី។ ហេតុការណ៍នេះ បានកើតឡើងឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន ដោយនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១៣ វិច្ឆិកា ២០២៥ ជនរងគ្រោះឈ្មោះ ហុឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបប (អង្គការ អង្កគ្រួសារខ្មែរ) រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង(ឳពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឳពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឱ្យជួយរក ។
លុះដល់ម៉ោង១០:០០នាទី ថ្ងៃទី១៤ វិច្ឆិកា ២០២៥ ឳពុកជនរងគ្រោះឈ្មោះ មុត ហុន ភេទប្រុស អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ។ ពេលឃើញដូចនោះ គាត់បានទៅប្ដឹងប៉ុស្ដិ៍តែម្ដង។
ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មាន កម្លាំងសហការជាមួយកម្លាំងនគរបាល ធ្វើការជីកមើលក៍ឃើញសាកសពជនរងគ្រោះពិតប្រាកដមែន ។ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសាកសពជនរងគ្រោះ មានសម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាទ្រីម សេរី២០១៤ ពាក់ស្លាកលេខ កំពង់ធំ 1P 9873 , ខ្សែកផ្លាកទី០១ខ្សែរ, ខ្សែជើងផ្លាកទីនចំនួន០២ខ្សែ និង ទូរស័ព្ទដៃម៉ាក iPhone 11 Pro Max ០១គ្រឿង។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយនគរបាល កំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ ។
បើយោងតាមប្រភពសមាគមមីក្រូហិរញ្ញវត្ថុ បានឲ្យដឹងថា ស្រ្តីម្នាក់នេះ ជាអ្នកផ្ដល់កម្ចីក្រៅប្រព័ន្ធ ហើយពុំមានការទទួលស្គាល់ពីច្បាប់នោះទេ៕