ភ្នំពេញ៖ គណៈប្រតិភូនៃសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club ដែលជាសម្ព័ន្ធធុរកិច្ចចិនផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រ។ល។ ឆន្ទៈវិនិយោគមួយនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ជា វុទ្ធី បានកត់សម្គាល់ឃើញថាវត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិនកំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។ តាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាគណៈប្រតិភូដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិនក៏ដូចជាជំរុញវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។
លោក វ៉ាង យ៉ុង ប្រធានក្រុមហ៊ុន TopBrand Union ដែលបានដឹកនាំគណៈប្រតិភូមកជួបពិភាក្សានាពេលនោះ ក៏បានលើកឡោះងពីសាវតារបស់ Baiyi Club ដែលត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធធុរកិច្ចចិនផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបទ្បើង។ បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រ។ល។
បន្ថែមពីនេះ លោក វ៉ាង យ៉ុង (Wang Yong) បានធ្វើការកត់សម្គាល់ថាកម្ពុជាមានកណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, មានស្ថិរភាពនយោបាយ, សំបូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការទាក់ទាញវិនិយោគ។ ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបានសួរនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមួយចំនួន។ ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមាន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ លើសពីនេះ សមាជិកគណៈប្រតិភូបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕