ថៃ៖ ខេត្តរបស់ថៃអយុធ្យារងការជន់លិចមិនធ្លាប់មានដោយជំនន់ទឹកភ្លៀង និងការបើកទំនប់ទឹករបស់ថៃពីទន្លេចៅប្រាយ៉ាបានបង្កឲ្យខេត្តមួយនេះរងគ្រោះលិចលង់ ខូចខាតដំណាំរាប់សិបហិកតា ក្នុងនោះមានពលរដ្ឋថៃរស់នៅក្នុងស្រុកចំនួន ១១ នៃខេត្តអយុធ្យាកំពុងរងទុក្ខដោយទឹកជំនន់ ដោយមានអ្នកស្លាប់កើនដល់ចំនួន ១៥ នាក់ និងគ្រួសារចំនួន ៦២,៣៤៨ គ្រួសារកំពុងប្រឈមមុខនឹងទឹកជំនន់គ្មានកន្លែងជ្រកកោនត្រឹមត្រូវ។
យោងតាមកាសែតថៃ THE NATION ស្ថានភាពទឹកនៅក្នុងខេត្តអយុធ្យាគិតត្រឹមថ្ងៃទី ១៤ វិច្ឆិកានេះបន្ទាប់ពីទំនប់ចៅប្រាយ៉ាក្នុងខេត្តឆៃណាតបានបន្តបញ្ចេញទឹកចុះក្រោមក្នុងអត្រា ២,៩០០ ម៉ែត្រគូប/វិនាទី ៤ ថ្ងៃជាប់ៗគ្នាបានបណ្តាលឱ្យខេត្តជាច្រើនរបស់ថៃរួមទាំងខេត្តអយុធ្យារងការជន់លិច ខូចខាតដីស្រែចម្ការ និងដំណាំជាច្រើនមិនធ្លាប់មានពីមុនមក។
នៅខេត្តអយុធ្យា តំបន់ដែលនៅតែរងផលប៉ះពាល់ដោយទឹកជំនន់រួមមានស្រុកចំនួន ១១ ស្រុករងចំនួន ១៤៣ និងភូមិចំនួន ៩៤៧ ដោយមានគ្រួសារចំនួន ៦២,៣៤៨ គ្រួសាររងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងស្លាប់ចំនួន ១៥ នាក់។ អាជ្ញាធរថៃបានព្រមានពលរដ្ឋអំពីការបន្តកើនឡើងនៃទឹកជំនន់ដែលអាចនឹងមានរយៈពេលវែងដែលនឹងបង្កការប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិរាប់សិបលានដុល្លារអាម៉េរិក៕