នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ វិច្ឆិកា បានបញ្ជាក់ជាថ្មីនូវជំហររបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលកម្ពុជា-ថៃ ដើម្បីស្តារស្ថិរភាពព្រំដែនឡើងវិញ និងបន្តសម្របសម្រួលក្នុងការត្រួសត្រាយផ្លូវសន្តិភាព។ ការប្តេជ្ញារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ធ្វើឡើងក្រោយពីលោកបាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ស្តីពីបញ្ហាព្រំដែន ដែលយោធាថៃបានបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា បណ្តាលឲ្យរងរបួស៣នាក់ និងស្លាប់១នាក់។
កាលពីថ្ងៃទី១៣វិច្ឆិកា ម្សិលមិញនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយទូរស័ព្ទជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនៅតាមព្រំដែននៃប្រទេសទាំងពីរ។
តាមរយៈការសន្ទនាតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ បានផ្តល់មតិវិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុវត្តតាមបញ្ហាដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការកោតសរសើរចំពោះជំហររបស់ប្រទេសម៉ាឡេស៊ី និងតួនាទីដែលម៉ាឡេស៊ីដើរតួរមិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្ត និងជាអ្នកជិតខាងនៃតំបន់ដែលចង់បានសន្តិភាពផងដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សង្ឃឹមថាកម្ពុជា និងថៃ បន្តបង្ហាញការតាំងចិត្ត និងភាពក្លាហាន ដើម្បីស្តារស្ថិរភាពព្រំដែនឡើងវិញ ដើម្បីជាប្រយោជន៍ដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕