ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨» នៅថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល ភ្នំពេញដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ចាប់យកឱកាសពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងក្រោមមូលបទ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល ភ្នំពេញ ដើម្បីគាំទ្រផលិតផលខ្មែរ និងការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម ជាពិសេសទៅលើការជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួររម្លឹកថា កាលពីឆ្នាំ២០២៤ កម្មវិធីនេះមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ចនិង វិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រី៕