បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ រងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧:៥៨នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។
គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់៕