រាជធានីរីយ៉ាដ៖ បន្ទាប់ពីជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត (The Federation of Saudi Chambers) នឹងដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗរបស់ខ្លួនទៅកាន់កម្ពុជានាពេលឆាប់ៗនេះ ដើម្បីពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។
លោក Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត បានលើកឡើងពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានបញ្ជាក់ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងស្វែងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។
គួររំលឹកថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
គួរបញ្ចាក់ថា នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិតនៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច៕