681 ezgif.com resize
Swift cc time

ថៃមិនគោរព«កិច្ចព្រមព្រៀងសន្តិភាព»មិនមែនជារឿងកម្ពុជាតែម្នាក់ឯងទេ ពោលគឺជារឿងអន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ | KUN SOMBOR
/
ពិធីចុះ«កិច្ចព្រមព្រៀងសន្តិភាព»បានដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី។ រូបភាព PM

ភ្នំពេញ៖ តាមរយៈយុទ្ធសាស្ត្រការទូតដ៏មុតស្រួចរបស់ក្រុមការងាររាជរដ្ឋាភិបាលបន្តវេន បានបញ្ចប់មហិច្ឆតា «សង្គ្រាមឈ្លានពាន៥ថ្ងៃ»របស់ថៃមកលើកម្ពុជានៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២៥ និងឈានដល់«កិច្ចព្រមព្រៀងសន្តិភាព»បានដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាពប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី។ «កិច្ចព្រមព្រៀងសន្តិភាព»នេះ បង្កើតបានជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់កម្ពុជា និងថៃ លើបញ្ហាព្រំដែនដែលមាន អាម៉េរិក ចិន អាស៊ាន ធ្វើជាសាក្សី។

ថ្មីៗនេះ ថៃដែលដឹងច្បាស់ថា មិនអាចយកឈ្នះកម្ពុជា លើ «ផ្នែកការទូត» តាំងពីដើមដំបូង បានប្រកាសពហិការដោយឯកតោភាគីមិនអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ក្រោមលេសទាហានខ្លួនដើរជាន់មីនដោយមិនបញ្ជាក់ពីមូលដ្ឋានស្រាវជ្រាវច្បាស់លាស់។ ប៉ុន្តែការពហិកាពីភាគីថៃនេះ មិនមែនជារឿងកម្ពុជាតែម្នាក់ឯងទេ ពោលគឺជារឿងអន្តរជាតិទាំងមូល ជាពិសេសមាន អាម៉េរិក ចិន សមាជិកនៃប្រជាជាតិអាស៊ាន ទាមទាឱ្យថៃត្រូវតែប្រឈម មុខដោះស្រាយ។

តាំងតែពីដើមដំបូង កម្ពុជាមិនជ្រើសរើសការធ្វើសឹកសង្គ្រាម ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃនោះឡើយ។កម្ពុជាត្រូវការ សន្តិភាព កម្ពុជាត្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺផ្អែកលើ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលបានឯកភាពគ្នា។

ថៃឯណោះទៅវិញទេ ដែលម្តងហើយម្តងទៀត តែងតែធ្វើសកម្មភាពបង្កហេតុជាប់មិនដាច់ បើទោះបីបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព បានចូលជាធរមានក្តី ហើយឥរិយាថបនេះ ក៏មិនមែនទើបតែបង្ហាញនោះទេ ពោលគឺតាំងតែពីដើមដំបូងដូចកម្ពុជាដែរ គឺថៃចង់ធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាជនថៃ ដែលមានក្រុមបក្សពួកខាងស្តេចថៃមានយោធា និង រាជរដ្ឋាភិបាលស៊ីវិលដែលគ្មានអំណាច តែបានលម្អលទ្ធិប្រជាធិបតេយ្យបង្ហាញពិភពលោក។

ការចូលខ្លួនចុះហត្ថលេខា«កិច្ចព្រមព្រៀងសន្តិភាព»ជាមួយកម្ពុជានៅម៉ាឡេស៊ី នៅថ្ងៃទី ២៦ តុលា ឆ្នាំ២០២៦ គឺជានយោបាយទល់ច្រករបស់ថៃ ដោយសារការរងសម្ពាធពី អាម៉េរិក និងសហគមន៍អន្តរជាតិ។ចំណែកកម្ពុជាវិញ គឺជាភាពជោគជ័យថ្មីបន្ថែមទៀត ដើម្បីដាក់សម្ពាធលើថៃឱ្យគោរពបទដ្ឋានអន្តរជាតិ និង ច្បាប់អន្តរជានានា ជាពិសេស កាន់តែធ្វើឱ្យបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ក្លាយជារឿងអន្តរជាតិដោយមានការចូលរួមដោះស្រាយ ដឹងលឺទាំងអស់គ្នា តាមអភិក្រមច្បាប់អន្តរជាតិជាធំ។

ម្លោះហើយបានជា កម្ពុជាព្យាយាមខាំមាត់អំណត់អត់ធ្មត់ជាខ្លាំងគោរព និង អនុវត្តបទឈប់បាញ់ ហើយបានធ្វើការជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន ដើម្បីរៀបចំជារបាយការណ៍នានាដាក់ជូនអាស៊ាន និង សមាជិកពាក់ព័ន្ធ បង្ហាញពីតម្លាភាពមិនលាក់បាំងដូចថៃ។

កាលដែលថៃពហិការមិន អនុវត្តកិច្ចព្រមព្រៀងសន្តិភាព គឺជារឿងអន្តរជាតិ ជាពិសេសអាម៉េរិក និងអាស៊ាន មិនមែនមានតែកម្ពុជានោះទេ។ប្រសិនបើថៃ នៅតែបន្តសកម្មភាពបង្កអរិយភាពណាតាមព្រំដែនជាមួយកម្ពុជា ថៃអាចនឹងប្រឈមសម្ពាធ ជាពិសេស អាម៉េរិក លើបញ្ហាពន្ធ ព្រោះការចរចានានាអាម៉េរិកក្រោមរដ្ឋបាលលោកដូណាល់ ត្រា​ បានប្រើប្រាស់បញ្ហាពន្ធនេះ សម្រាប់លើកិច្ចព្រមព្រៀងសន្តិភាព។ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀង ទទួលបានការសាទរយ៉ាងច្រើនពីសំណាក់អន្តរជាតិ ប្រសិនបើថៃ បន្តបង្ហាញឥរិយាបថដោយឯកតោភាគី ថៃនឹងប្រឈមភាពអាមាស់ចំពោះមុខអន្តរជាតិ។

រីឯរាជរដ្ឋាភិបាលកម្ពុជា បានដឹងច្បាស់មុនរួចទៅហើយថា ថៃនឹងប្រែក្រឡាស់សម្តីលើ «កិច្ចព្រមព្រៀងសន្តិភាព»។រឿងថៃពហិការ គឺជារឿងរបស់ថៃ ចំណែកកម្ពុជា គឺនៅតែបន្តគឺការរក្សាជំហរដ៏រឹងមាំលើការគោរពកិច្ចព្រមព្រៀង បន្តធ្វើការជាមួយភាគីពាក់ព័ន្ធនៃហត្ថលេខីនៃកិច្ចព្រមព្រៀងដោយតម្លាភាព។ជាមួយគ្នានោះ កម្ពុជាត្រៀមខ្លួនជាប្រចាំក្នុងហេតុការណ៍ណាមួយកើតឡើង ក្នុងន័យប្រឆាំងការឈ្លានពាន និងសិទ្ធិការពារខ្លួន៕

Khcct banner

អត្ថបទទាក់ទង