ថៃ៖ គណបក្សប្រឆាំងប្រជាជន (People’s Party) របស់ថៃអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីកាន់អំណាច អនុទីន ឆាន់វីរៈគុល ប្រើប្រាស់វិធានការការទូតបន្ទាន់ចំនួនបួន ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា។ គណបក្សប្រជាជនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីអនុទីន ឆាន់វីរៈគុល អនុម័តការទូតប្រកបដោយភាពសកម្ម ដើម្បីធានាអត្ថប្រយោជន៍របស់ប្រទេសថៃ និងបញ្ឈប់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា។
យោងតាមការចេញផ្សាយដោយកាសែត THE NATION បានបញ្ជាក់ថាគណបក្សប្រឆាំងប្រជាជន (People’s Party) របស់ថៃ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី អនុទីន គួរតែទូរស័ព្ទទៅប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាបន្ទាន់ ដែលទាំងពីរនាក់សុទ្ធតែជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ជាក់ពីជំហររបស់ប្រទេសថៃ។ បក្សថៃដដែលអះអាងទៀតថាមានតែវិធានការការទូតនោះទេទើបអាចធ្វើឲ្យថៃចំណេញ និងមិនលក់មុខមាត់ក្នុងឆាកអន្តរជាតិ។
គួរកត់សម្គាល់ថាកាលពីម្សិលមិញនេះនាយករដ្ឋមន្រ្តថៃដែលដឹកនាំដោយលោក អនុទីន បានប្រកាសបញ្ចប់សន្តិភាពទាំងស្រុងជាមួយនឹងកម្ពុជា និងបានលុបចោលកិច្ចព្រមព្រៀងនាៗដែលមានលោកដូណាល់ត្រាំជាសាក្សី និងម្ចាស់ហត្ថលេខីទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ការប្រកាសលុបចោលរបស់ថៃធ្វើឡើងដោយលើកហេតុផលថាទាហានខ្លួនបានដើរជាន់មីននៅក្នុងខេត្តស៊ីសាកេត និងសម្រេចមិនដោះលែងទាហានកម្ពុជាទាំង១៨រូបដែលខ្លួនបានប្រកាសថានឹងដោះលែងនៅថ្ងៃទី ១២ ខែ វិច្ឆិកានេះ៕