រាជធានីរីយ៉ាដ៖ កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ នៅរាជធានីរីយ៉ាដ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ភាគីទាំងពីរបានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕