រាជធានីរីយ៉ាដ៖ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាម៉េរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា។ MoU នេះនឹងជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀតពីតំបន់ទ្វីបអាម៉េរិកខាងត្បូងមកកម្ពុជា ពិសេសការបង្កើតនូវផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម។
ពិធីចុះMoUនេះ ត្រូវបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ ប្រេស៊ីល និងជាលេខាធិការប្រតិបត្តិអង្គការទេសចរណ៍សហប្រជាជាតិ ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌដល់ទីផ្សារប្រេស៊ីលដ៏មានសក្តានុពលខ្ពស់ជាមួយប្រជាជន ជាង២០០លាននាក់ និងពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀតពីតំបន់ទ្វីបអាមេរិកខាងត្បូង៕