681 ezgif.com resize
Swift cc time

កម្ពុជា-ម៉ារ៉ុក ឯកភាពគ្នាពន្លឿនការបង្កើតផែនការសកម្មភាព និងក្រុមការងារបច្ចេកទេស ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

រាជធានីរីយ៉ាដ៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក នាថ្ងៃទី១០ វិច្ឆកា បានឯកភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើតផែនការសកម្មភាពអនុវត្តជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងទេសចរណ៍នៃប្រជាជនប្រទេសទាំងពីរ។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃម៉ារ៉ុក បានជួបពិភាក្សា និងការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ភាគីទាំងពីរ បានឯកភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលខាងមុខ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការបង្កើតផែនការសកម្មភាពអនុវត្តជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរ ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងទេសចរនៃប្រជាជនប្រទេសទាំងពីរ ជាពិសេស គឺក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រម៉ារ៉ុកក៏ជាសមាជិកអង្គការពិភពលោកនេះដែរ។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម ព្រមទាំងកាលានុវត្តភាពវិនិយោញទេសចរណ៍ ទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្រ្វិក) ដែលមានប្រជាជនជាង៤០លាននាក់ឈរលេខរៀងទី៤១ លើពិភពលោក ដោយបច្ចុប្បន្នការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុកមានភាពងាយស្រួលជាមួយជើងហោះត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុលមករាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង