ថៃ៖ គណៈកម្មាធិការយោធាព្រឹទ្ធសភារបស់ថៃ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ បានកោះហៅ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដើម្បីបំភ្លឺរបាយការណ៍នៃបទបញ្ជាឈប់បាញ់សម្ងាត់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកម្ពុជា តាមព្រំដែនកាលពីចុងខែកក្កដា។ ការសម្រេចកោះហៅ លោកផាតក្លាងទៅបំភ្លឺនេះ ធ្វើឡើងមួយថ្ងៃប ន្ទាប់ពីលោកផាតក្លាង បានប្រកាសថាលោកបានទទួលបញ្ជាសម្ងាត់ដែលបញ្ជាឲ្យលោកឈប់វាយប្រហារមកលើកម្ពុជាពេលសង្រ្គាមផ្ទុះបាន ៦ ម៉ោង លោកថា លោកមិនស្តាប់តាមបញ្ជាថ្នាក់លើឡើយ ដោយលោកបន្តបញ្ជាទាហានខ្លួនវាយដណ្តើមទឹកដីរបស់កម្ពុជា និង ដាក់កម្រិតទោសប្រហារជីវិតដល់ទាហានណាដែលមិនទៅប្រយុទ្ធតាមបទបញ្ជា។
យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថា កាលពីថ្ងៃចន្ទ គណៈកម្មាធិការកិច្ចការយោធា និង សន្តិសុខ ព្រឹទ្ធសភា ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា ឧត្តមសេនីយ៍ សាវ៉ាត តាសាណា បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងការកត់សម្គាល់របស់ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ព និង ជាអតីតមេបញ្ជាការភូមិភាគ២។
ក្នុងសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាថៃ បានបញ្ជាក់ថា គណៈកម្មាធិការបានសម្រេចអញ្ជើញ ឧត្តមសេនីយ៍ឯក ផាតក្លាង ឲ្យចូលរួមកិច្ចប្រជុំមួយ ដើម្បីផ្តល់ព័ត៌មានជាក់ស្តែង និងរបាយការណ៍អំពីរបាយការណ៍ដែលបានបញ្ជាឲ្យលោកផ្អាកសង្រ្គាម។ គណៈកម្មាធិការយោធាព្រឹទ្ធសភា បានកំណត់ពេលកិច្ចប្រជុំ នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា នេះដោយរបៀបវារៈចម្បង គឺសម័យប្រជុំពិសេសស្តីពីបញ្ហាសន្តិសុខជាតិបន្ទាន់៕