ភ្នំពេញ៖ ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន (JCA) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជំនួបពិភាក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ ការអភិវឌ្ឍធនធានមនុស្ស និងការយពង្រឹងនូវកិច្ចសហការសម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា។
ក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានពិភាក្សាក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។
លោករដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសមាគម JCA និងបានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។
ជាការឆ្លើយតប លោកប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើនកាន់តែល្អប្រសើរនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិកសមាគមកម្ពុជា-ជប៉ុន (JCA) ។ លោកប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជាបន្ថែមទៀត៕