ហ្វីលីពីន៖ ព្យុះទីហ្វុងហ្វុងវុងបានបក់ចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ បន្ទាប់ពីបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី ដោយកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់ខេត្តទាំងមូលនៃប្រទេសហ្វីលីពីន ព្យុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងធ្វើឲ្យមនុស្សជាង ១,៤ លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ។ ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យឆ្ពោះទៅកាន់តៃវ៉ាន់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាព្យុះទីហ្វុងវុងបានបោកបក់ចូលច្រាំងនៅខេត្តអូរ៉ូរ៉ាភាគឦសានកាលពីយប់ថ្ងៃអាទិត្យ ជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលមានខ្យល់បក់ខ្លាំងរហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់បក់ខ្លាំងរហូតដល់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង មនុស្សជាង ១.៤ លាននាក់បានផ្លាស់ទីជម្រក ផ្ទះ និងហេដ្ឋរចនាសម្ព័ន្ធនាៗជាច្រើនរងការខូចខាត និងជន់លិចមិនធ្លាប់មាន។
ជាការឆ្លើយតបប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយព្យុះ កាម៉ាហ្គី និងព្យុះ ហ្វុងវុង។ អាជ្ញាធរបានប្រកាសថា សាលារៀន និងការិយាល័យរដ្ឋាភិបាលភាគច្រើននឹងបន្តបិទនៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ ជើងហោះហើរក្នុងស្រុកជាង ៣២៥ និងជើងហោះហើរអន្តរជាតិចំនួន ៦១ ត្រូវបានលុបចោលកាលពីចុងសប្តាហ៍ ក្នុងនោះមានអ្នកធ្វើដំណើរ និងកម្មករដឹកទំនិញជាង ៦,៦០០ នាក់ត្រូវបានជាប់គាំងនៅក្នុងកំពង់ផែ។ អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមពីរដ្ឋាភិបាល៕