រាជធានីរីយ៉ាដ៖ កម្ពុជា និងមីយ៉ានម៉ា បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ។ ការឯកភាពនេះត្រូវបានធ្វើឡើងក្រោមជំនួនរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោក Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា ក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS; ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍; ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបទទួលជួបពិភាក្សាការងារជាមួយលោក Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕