681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិកម្ពុជាធ្វើបទបង្ហាញប្រាប់«អនុព័ន្ធយោធា»បរទេសចំនួន១២ស្តីពីភាពស្មោះត្រង់របស់កម្ពុជាលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ បានកោះប្រជុំជាមួយអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ១២ប្រទេស ដើម្បីធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ក្នុងបទបង្ហាញនោះ ក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជន ទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅក្នុងការធ្វើបទបង្ហាញនេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានចាត់ទុកសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កម្ពុជា-ថៃ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និង ថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជា ចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួន ដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជន ទាំងពីរ។លោកបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រម ទាំងគោលការណ៍ និងស្មារតីអាស៊ាន។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កម្ពុជា-ថៃ បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន គឺការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី រវាងកម្ពុជានិងថៃ៕

Khcct banner

អត្ថបទទាក់ទង