ភ្នំពេញ៖ កម្ពុជា បាននាំចេញដំណាប់ស្វាយស្ងួតធម្មជាតិចំនួន ២០ តោនដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ សមិទ្ធិផលនេះសម្រេចទៅបានដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ។ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។»។
យោងតាមគេហទំព័រស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីបានជួយឱ្យ ខេ.អេហ្វ.ភី មានសមត្ថភាពក្នុងការត្រៀមខ្លួននាំចេញ និងអភិវឌ្ឍទំនាក់ទំនងអាជីវកម្មជាមួយដៃគូនៅប្រទេសអូស្ត្រាលី និងទីផ្សារផ្សេងៗទៀត។ការនាំចេញដំណាប់ស្វាយស្ងួតធម្មជាតិ ជាជំហានមួយឆ្ពោះទៅមុខទៀតក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអូស្ត្រាលី និងកម្ពុជា។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពី របៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ត្រឹមឆ្នាំ ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍»។
បើតាមប្រភពដដែល ភាពជោគជ័យនេះ កើតឡើងស្របគ្នាទៅនឹងការតម្លើងខ្សែច្រវាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជា នៅក្នុងក្រុមហ៊ុន ខេ.អេហ្វ.ភី តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលី។ ម៉ាស៊ីនខ្សែច្រវាក់ផលិតកម្មថ្មីនេះ អនុញ្ញាតឲ្យមានភាពច្នៃប្រឌិតក្នុងការកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជាផលិតផលដែលមានតម្លៃ។ វាក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាចទិញផ្លែស្វាយ ពីកសិករដោយមិនគិតពីទំហំ ដើម្បីកែច្នៃទៅជាទឹកស្វាយកែច្នៃ និងភេសជ្ជៈស្វាយទុំ ដែលអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និង អន្តរជាតិ៕