ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧ រូប ដោយគិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមរបាយការណ៍ពីមូលនិធិគន្ធបុប្ផាកម្ពុជា។
បើតាមសេចក្ដីប្រកាស មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរក្នុងការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្រាលជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា មាន សម្ដេច ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស និងត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
គួរបញ្ជាក់ថា សម្រាប់សាធារណជនដែលមាទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ មធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ដូចមានក្នុងរូបភាពជូនភ្ជាប់ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ ០៦១ ៧០ ១១១១៕