តួកគី៖ ប្រទេសតួកគីកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ «ប្រព្រឹត្តជាប្រព័ន្ធ» នៅក្នុងតំបន់ហ្គាហ្សា។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧ នាក់ដែលបានចុះបញ្ជីតាមចាប់ខ្លួនរួមមានរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ឯក Eyal Zamir នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុល។
តួកគីបានចោទប្រកាន់មន្ត្រីទាំងនោះពីបទ «ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ដែលអ៊ីស្រាអែលបាន «ប្រព្រឹត្តជាប្រព័ន្ធ» នៅក្នុងតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍ដដែលក៏រួមបញ្ចូលទៅលើ «មន្ទីរពេទ្យមិត្តភាពតួកគី-ប៉ាឡេស្ទីន» ដែលសាងសង់ដោយតួកគីនៅតំបន់ហ្គាហ្សា ត្រូវបានអ៊ីស្រាអែលទម្លាក់គ្រាប់បែកកាលពីខែមីនាកន្លងទៅ។
ជាការឆ្លើយតបអ៊ីស្រាអែលបានថ្កោលទោសដីកាចាប់ខ្លួននេះថាជាល្បិចទំនាក់ទំនងសាធារណៈ ដោយលោក Gideon Saar រដ្ឋមន្ត្រីការបរទេស បាននិយាយនៅលើបណ្តាញសង្គម X ថាអ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការចំពោះការមើលងាយ និងដីកាចាប់ខ្លួនរបស់មេដឹកនាំផ្តាច់ការតួកគី លោក Recep Tayyip Erdoğan៕