ចិន៖ លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីងកាលពីល្ងាចថ្ងៃសុក្រទី ៧ ខែ វិច្ឆិកាបានទៅទស្សនាឧទ្យានរំលឹកវិញ្ញាណក្ខន្ធមួយ ដែលឧទ្ទិសដល់លោក យេ ជានអ៉ីង (១៨៩៧-1៩៨៦) ដែលជាមេដឹកនាំបដិវត្តន៍កុម្មុយនិស្តចិន និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិក្នុងទីក្រុងម៉ីចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី លោកបានសិក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងស្រុកក្នុងការលើកកម្ពស់វប្បធម៌បដិវត្តន៍ និងពង្រីកការគាំទ្រសម្រាប់តំបន់មូលដ្ឋានបដិវត្តន៍ចាស់ៗ។
គួរកត់សម្គាល់ថាឧទ្យានរំលឹកវិញ្ញាណក្ខន្ធនេះមានទីតាំងនៅភូមិ Huxing នៃទីក្រុង Yanyang ត្រូវបានបើកសម្ពោធជាផ្លូវការសម្រាប់សាធារណជននៅក្នុងខែឧសភា ឆ្នាំ ២០០៧ ឧទ្យាននេះរួមមានសារមន្ទីរ និងទីតាំងអតីតលំនៅដ្ឋានរបស់លោក Ye Jianying ។
លំនៅដ្ឋាននេះមានទំហំ ៣៥០ ម៉ែត្រការ៉េ បានរក្សារូបរាងផ្ទះកសិដ្ឋានបុរាណចិន ជាកន្លែងដែលលោក Ye កើតនៅឆ្នាំ ១៨៩៧ ដែលលោកបានចំណាយពេលភាគច្រើននៃកុមារភាព និងយុវវ័យរបស់លោកស្នាក់នៅទីនេះ។
លោក យេ ជានអ៉ីង (Ye Jianying) គឺជាមេដឹកនាំបដិវត្តន៍ និងជាអ្នកនយោបាយចិនដ៏លេចធ្លោម្នាក់ ដែលត្រូវបានគេស្គាល់ថាជាសេនាប្រមុខដ៏ល្បីល្បាញបំផុតទាំង ១០ រូបរបស់សាធារណរដ្ឋប្រជាមានិតចិន។ លោកមានតួនាទីជាប្រមុខរដ្ឋចិនក្នុងនាមជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៨៣។ លោកបានចូលនិវត្តន៍ពីតំណែងជាន់ខ្ពស់នៅឆ្នាំ ១៩៨៥ ហើយបានទទួលមរណភាពនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៨៦ ក្នុងទីក្រុងប៉េកាំង ក្នុងជន្មាយុ ៨៩ ឆ្នាំ។
លោក យេ ជានអ៉ីង ត្រូវបានគេចងចាំថាជា សេនាប្រមុខ-បញ្ញវន្ត (Scholar-General) ដែលមានជំនាញទាំងយោធា និងរដ្ឋបាល ជាអ្នកយុទ្ធសាស្ត្រ និងជារដ្ឋបុរសដ៏អស្ចារ្យ ដែលបានបន្សល់ទុកនូវកេរដំណែលយ៉ាងជ្រាលជ្រៅដល់ការបង្កើត និងការផ្លាស់ប្តូររបស់សាធារណរដ្ឋប្រជាមានិតចិន៕