ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសរុបចំនួន ២ ៣៦៤ ៤០៧នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណ ៤៤ ២០៨នាក់។ ក្នុងចំណោម២៥ខេត្ត ក្រុង ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់ ជាខេត្តមាន«ភ្ញៀវទេសចរច្រើនជាងគេ» ខេត្តចំណាតថ្នាក់លេខ២ គឺខេត្តព្រះសីហនុ និងលេខ៣ រាជធានីភ្នំពេញ។
បើតាមក្រសួងទេសចរណ៍ ខេត្តទាំង៥ដែលទទួលបានភ្ញៀវច្រើនជាងគេនោះគឺ ខេត្តសៀមរាប, ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ, ខេត្តកំពត និងខេត្តប៉ៃលិន។ ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ ទទួលបានភ្ញៀវទេសចរ ៣៦៨ ២៤៦នាក់ ភ្ញៀវបរទេស ៩ ៦៤៦នាក់។ ខេត្តទី២ ជាខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៣២១ ០៧៦នាក់ ភ្ញៀវបរទេស ៨ ៥៩៨នាក់។
រាជធានីភ្នំពេញ ជាទីក្រុងទី៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ពោលទទួលបាន ៣០២ ៦៥៩នាក់ មានភ្ញៀវបរទេស ១៨ ២៨៧នាក់។ បន្ទាប់ពីនេះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ១៩៥ ៦៩១នាក់ ភ្ញៀវបរទេស ១ ៤៨៧នាក់។ ចុងក្រោយជាខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរ ១៨៩ ២១៨នាក់ ភ្ញៀវបរទេស ៥២៣នាក់។
សរុបរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ២ ៣៦៤ ៤០៧នាក់ ក្នុងនោះមានភ្ញៀវជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២ ៣២០ ១៩៩នាក់ ដោយមានទេសចរបរទេស ប្រមាណ ៤៤ ២០៨នាក់៕