681 ezgif.com resize
Swift cc time

កម្ពុជា និងអូស្ត្រាលី ចុះហត្ថលេខារួមគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

អូស្ត្រាលី៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូងSouth Australian Skills Commission) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងទទួលស្គាល់ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។

លោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា ក្នុងការហាត់ការ និងកម្មសិក្សានៅក្នុងឆ្នាំ២០២៦ លើមុខជំនាញវិស្វកម្មរថយន្ត រថយន្តអគ្គិសនី និងអេឡិចត្រូនិក និងអាចបន្ថែមជំនាញផ្សេងៗទៀត ចាប់ពីឆ្នាំ២០២៧។

ក្រសួងការងារបានបញ្ជាក់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ គឺកើតចេញពីការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ កន្លងទៅនេះ៕


Khcct banner

អត្ថបទទាក់ទង