681 ezgif.com resize
Swift cc time

ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក នឹងពិនិត្យលទ្ធភាពក្នុងការវិនិយោគផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី

វ៉ាស៊ីងតុន ឌីស៊ី ៖ ក្រុមហ៊ុន Siemens Healthineers បច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក នាថ្ងៃទី៥ វិច្ឆិកា បានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជា ស្របតាមបរិយាកាសវិនិយោគថ្មី ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ។

ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers នាថ្ងៃទី៥ វិច្ឆិកា បានពិភាក្សាជំរុញវិនិយោគបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា។

គោលបំណងនៃជំនួបនាឱកាសនេះគឺ សំដៅជំរុញឱ្យ Siemens Healthineers ពិនិត្យលទ្ធភាពនៃការចូលរួមផ្គត់ផ្គង់ បំពាក់ និងថែទាំឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅកម្ពុជា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សុខាភិបាលរបស់រាជរដ្ឋាភិបាល។ លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពក្នុងការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយផ្តោតលើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ (Radiologists) និងវិស្វករដែលអាចថែទាំ និងជួសជុលឧបករណ៍បច្ចេកវិទ្យាខ្ពស់បានដោយខ្លួនឯង (Localization of Skill)។

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រុមហ៊ុន Siemens បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ ដោយបានលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជា ស្របតាមបរិយាកាសវិនិយោគថ្មី។ បន្ថែមពីនេះ Siemens Healthineers បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ៕


Khcct banner

អត្ថបទទាក់ទង