ទីក្រុងឡុងដ៍៖ ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនមួយនេះធ្លាប់បានទទួលជោគជ័យក្នុងការវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ធំៗចំនួនពីរនៅកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ធំៗចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអញ្ជើញក្រុមហ៊ុនលោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន។
គួរបញ្ជាក់ថា នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន៕