ភ្នំពេញ៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. ) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានប្រមាណ ៤០០ពាន់កន្លែង។ គម្រោងវិនិយោគរយៈពេល១០ខែនេះ គឺមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦%។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ រយៈពេល១០ខែនេះ គម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោងស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈពេល១០ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤រហូតដល់ទៅ ១៦១គម្រោង។
រយៈពេល១០ខែកន្លងទៅនេះ វិស័យដែលទទួលបានទុនវិនិយោគច្រើនជាងគេគឺវិស័យឧស្សាហកម្មដែលមានទុនវិនិយោគរហូតដល់ ៥,៥ ប៊ីលានដុល្លារ បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ៣,១ ប៊ីលានដុល្លារ វិស័យកសិកម្មនិងកិស-ឧស្សាហកម្ម ៤០៥លានដុល្លារ និងវិស័យទេសចរណ៍ ១៧៥ លានដុល្លារ។
ប្រភពទុនវិនិយោគឈានមុខគេរយៈពេល១០ខែ ឆ្នាំ២០២៥ មានដូចជា ចិន កម្ពុជា សិង្ហបុរី វៀតណាម កោះ British Virgin អង់គ្លេស សហរដ្ឋអាម៉េរិក កោះ Caymen កោះ Samoa និងប៊ឺមុនដា៕