681 ezgif.com resize
Swift cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមលោក ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន៣នៅអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សមាគមឧកញ៉ាកម្ពុជា)

សហរដ្ឋអាម៉េរិក៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមលោក ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗចំនួន ៣ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនទាំងបីនោះ សុទ្ធតែមានក្នុងផ្នែកផ្សេងៗគ្នាដូចជា ក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផល ក្រុមហ៊ុនឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាព ជាដើម។

ខណៈដែលកំពុងបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំចំនួន ៣គឺ៖

១. ក្រុមហ៊ុន Archer Daniels Midland (ADM) ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលអន្តរជាតិដ៏ធំមួយរបស់អាម៉េរិក និងពិភពលោក ដោយឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ADM ពិចារណាពិនិត្យលទ្ធភាពនាំយកនូវបច្ចេកវិទ្យាទំនើបនៃការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់ (Value-added processing) និងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ (Supply Chain) ប្រកបដោយប្រសិទ្ធភាពទៅកាន់កម្ពុជាផងដែរ ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគលំដាប់ពិភពលោកដើម្បីបង្កើតការងារ និងផ្ទេរចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់មកកាន់កម្ពុជា។

២. ក្រុមហ៊ុន Medline ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិកមានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខព្រមទាំងជាអ្នកផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។ ជំនួបនេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារៈ និងបរិក្ខារពេទ្យនៅកម្ពុជា ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យពិចារណាពង្រីកការទិញនូវផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ជាពិសេសផលិតផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។

៣. ក្រុមហ៊ុន McDonald's Corporation ដោយក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពទាក់ទាញនៃទីផ្សារកម្ពុជា ដោយបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពី កត្តាដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគសក្តានុពល សម្រាប់អាជីវកម្ម សិទ្ធិអាជីវកម្មម្ហូបអាហារសកល តាមរយៈកំណើនយ៉ាងលឿននៃប្រជាជនក្នុងទីក្រុង និងចំនួនយុវជនដ៏ច្រើនដែលមានចំណូលមធ្យមកើនឡើង និងទទួលយកវប្បធម៌ហូបចុកជាសកល និងបរិយាកាសធុរកិច្ចអំណោយផល ដោយមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការនាំចូលម៉ាកយីហោល្បីៗ។

លោក ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា រាជរដ្ឋាភិបាល នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald's នៅកម្ពុជា ដែលនឹងនាំមកនូវប្រយោជន៍ផ្នែកការងារ បទពិសោធន៍ធុរកិច្ច និងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង