តំបន់ជនបទនៅកម្ពុជា មានអត្រាគ្របដណ្ដប់«ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ» បានកើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០។ សមិទ្ធផលដែលសម្រេចបាននេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការដែល បានដាក់ចេញនាពេលកន្លងមក។ លទ្ធផលនេះក៏បានបង្ហាញឱ្យឃើញការប្រែប្រួលជាវិជ្ជមាននូវកម្រិតនៃការ យល់ដឹងអំពីការប្រតិបត្តិអនាម័យល្អ។
តាមរយៈសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួម គ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ការលើកកម្ពស់អនាម័យជនបទនៅតែជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។
ជាក់ស្ដែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០%នៅឆ្នាំ២០៣០។
អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដែល ក្នុងនោះមានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។ ដោយឡែក អត្រាគ្របដណ្ដប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០៕