កូរ៉េខាងត្បូង៖ មូលនិធិអាកាសធាតុបៃតង (GCF) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានរអនុម័តលើការផ្ដល់ហិរញ្ញប្បទានចំនួន ៩,៨ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3) ដើម្បីលើកស្ទួយសកម្មភាពអាកាសធាតុដែលអនុវត្តនៅមូលដ្ឋាន បង្កើនសមត្ថភាពធន់នឹងអាកាសធាតុរបស់សហគមន៍ នៅក្នុងរដ្ឋបាលស្រុកចំនួន ២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទស្សនវិស័យគម្រោងនេះដើម្បីបញ្ជ្រាបការឆ្លើយតបការទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យ សំខាន់ៗដូចជា កសិកម្ម សុខាភិបាល ទឹក និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារសហគមន៍ដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ LGCC-3 នឹងជួយគាំទ្របច្ចេកទេស ធនធាន និងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងដំណើរការកសាងផែនការ និងថវិកាសម្រាប់វិនិយោគស្របលើសកម្មភាពបន្សុំាដែលលើកឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅសហគមន៍មូលដ្ឋាន។
ស្រុកគោលដៅដែលបានជ្រើសរើសទាំងនោះ កំពុងប្រឈមនឹងហានិភ័យ ពីការកើនឡើងនៃទឹកជំនន់ គ្រោះរាំងស្ងួត ប្រជាពលរដ្ឋក៏ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ សុខភាពផងដែរ។ ដំណាក់កាលទី១ គឺពីរឆ្នាំដំបូងនឹងផ្តោតលើស្រុកចំនួន១៥ នៅខេត្តបាត់ដំបង ព្រះវិហារ និងពោធិ៍សាត់ បន្ទាប់មកក្នុងដំណាក់កាលទី២ គឺចាប់ពីឆ្នាំទី៣ នឹងបន្ថែមស្រុកចំនួន១០បន្ថែមទៀត។ ជារួមគម្រោងនេះនឹងឈានទៅគ្របដណ្ដប់ស្រុកចំនួន២៥ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដូចដែលបានកំណត់ក្នុងសិក្សាពីលទ្ធភាពដែលអាចធ្វើទៅបានរបស់គម្រោង៕