ទីក្រុងស៊ូចូវ៖ លោកសាស្រ្តាចារ្យអង់គ្លេស John Howkins ដែលមានកិត្តិនាមល្បីល្បាញទាំងក្នុងប្រទេសចិន និងអន្តរជាតិ លើផ្នែកខាងសេដ្ឋកិច្ចច្នៃប្រឌិត នឹងមកស្វែងយល់ពី សក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនចិន និងពិភពលោក។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ John Howkins ដែលមានឈ្មោះល្បីបំផុតសម្រាប់ការងាររបស់គាត់ក្នុងវិស័យសេដ្ឋកិច្ច សិល្បៈ និងស្នាដៃច្នៃប្រឌិត (Creative Economy): “របៀបដែលមនុស្សរកប្រាក់ពីគំនិត”។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ជូនលោកសាស្រ្តាចារ្យពីសក្តានុពលទេសចរណ៍ដ៏ច្រើន និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងកំលាំងពលកម្មកម្ពុជាដែលពោរពេញដោយថាមពល និងមានភាពច្នៃប្រឌិត។
ទន្ទឹមនេះដែរ លោកសាស្រា្តចារ្យ ដែលមានកិត្តិនាមល្បីល្បាញទាំងក្នុងប្រទេសចិន និងអន្តរជាតិ បានទទួលសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញមកកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគលើផ្នែកទេសចរណ៍ដ៏ខ្លាំងក្លាទៅកាន់ប្រជាជនចិន និងពិភពលោក៕