ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បានធ្វើការចេញមុខសូមទោសទាំងបង្ខំចិត្តចំពោះការលើកឡើងរបស់លោកថា «ប្រទេសថៃបានឈ្លានពានលើកម្ពុជា» ដែលសំដីរបស់លោកនេះបានធ្វើឲ្យពលរដ្ឋថៃនាំគ្នាខឹងសម្បារ និងប្រាប់ឲ្យលោកចេញមុខសូមទោសដល់ពលរដ្ឋនៅទូទាំងប្រទេសទាំងអស់។ ក្រោយចេញមុខសូមទោសនាយករដ្ឋមន្រ្តីថៃដដែលបានទទួលស្គាល់ចំណុចខ្វះខាតពាក្យសំដី និងសន្យាថាកំហុសបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ BANGKOK POST។
បើតាមនាយករដ្ឋមន្រ្តីថៃដដែលលោកបានសូមទោសជុំវិញទៅនឹងការអត្ថាធិប្បាយរបស់លោកថាថៃបានឈ្លានពានលើប្រទេសកម្ពុជា លោកបានសម្តែងទុក្ខសោកនឹងធ្វើការសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់។ «ខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំ និងចំពោះការខកខានមិនប្រយ័ត្នសំដីឲ្យបានច្បាស់លាស់។ លោកអះអាងថាលោកនឹងប្រុងប្រយ័ត្នជាងមុនដើម្បីការពារកំហុសឆ្គងនាពេលអនាគត។
លោកអនុទីនបានបញ្ជាក់ច្បាស់ៗថា ខ្ញុំសូមអភ័យទោសចំពោះការបង្កការព្រួយបារម្ភ និងការយល់ច្រឡំ ខ្ញុំចង់ធានាដល់ពលរដ្ឋគ្រប់គ្នាថា ប្រទេសថៃនឹងមិនបាត់បង់ទឹកដី អធិបតេយ្យភាព កិត្តិយស ឬសេចក្តីថ្លៃថ្នូរណាមួយឡើយ សុវត្ថិភាពរបស់ពលរដ្ឋថៃទាំងអស់នឹងត្រូវបានការពារយ៉ាងពេញលេញក្នុងចំណោមជម្លោះរវាងប្រទេសទាំងពីរ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការខាតបង់បន្ថែមទៀតក្រោមកាលៈទេសៈណាក៏ដោយ។
បន្ថែមពីនេះលោកថា ការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលក្នុងការបើកច្រកព្រំដែនឡើងវិញនឹងត្រូវធ្វើឡើងតែបន្ទាប់ពីពិគ្រោះជាមួយសាធារណជនសិនទើបអាចបើកឡើងវិញបាន។ លោកសង្គត់ធ្ងន់ថាប្រទេសថៃនឹងប្រើប្រាស់វិធានការគ្រប់បែបយ៉ាងដែលមានចាប់ពីប្រតិបត្តិការសន្តិសុខរហូតដល់ការសន្ទនាការទូត រួមទាំងគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីធានាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន៕