681 ezgif.com resize
Swift cc time

ត្រាំបដិសេធមិនប្រគល់មីស៊ីល Tomahawk ទៅអ៊ុយក្រែនក្នុងស្ថានភាពបច្ចុប្បន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានបដិសេធមិនប្រគល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនក្នុងការវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៊ីនោះទេ លោកបញ្ជាក់ថា លោកមិនពិចារណាលើកិច្ចព្រមព្រៀងណាមួយដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលលោកលោកហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនពី Palm Beach រដ្ឋ Florida កាលពីថ្ងៃអាទិត្យ។

បើតាមលោកដូណាល់ត្រាំលោកថាពេលនេះលោកមិនបានពិចារណាក្នុងការប្រគល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅកាន់អ៊ុយក្រែនប្រើប្រាស់ដើម្បីវាយប្រហារលើរុស្ស៊ីឡើយ លោកអះអាងថាលោកមិនចង់ធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរជាងនេះកើតឡើងទៀតនោះទេ។

លោក ត្រាំ និងអគ្គលេខាធិការណាតូ លោក Mark Rutte បានពិភាក្សាអំពីគំនិតក្នុងការប្រគល់មីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែននៅពេលដែលលោកទាំងពីរបានជួបគ្នានៅសេតវិមានកាលពីថ្ងៃទី ២២ ខែតុលា។ លោក Rutte អះអាងថា បញ្ហានេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ហើយវាអាស្រ័យលើសហរដ្ឋអាម៉េរិកក្នុងការសម្រេចចិត្តថាតើគួរប្រគល់រឺយ៉ាងណា។

គួរកត់សម្គាល់ថាមីស៊ីល Tomahawk បាញ់បានចម្ងាយ ២,៥០០គីឡូម៉ែត្រ ដែលជ្រៅគ្រប់គ្រាន់ដើម្បីវាយប្រហារចូលនៅក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើសុំមីស៊ីលនេះជាច្រើនដងមកហើយពីសហរដ្ឋអាម៉េរិក ក៏ប៉ុន្តែនៅមិនទាន់មានលទ្ធផលវិជ្ជមានក្នុងការទទួលបានមីស៊ីលនេះឡើយ៕ 

Khcct banner

អត្ថបទទាក់ទង