ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប ៧៦៥ ៥១៨ នាក់ គិតជាទឹកប្រាក់មានចំនួន ៣៥ ៥៧៥ ៧៨១ ដុល្លារ។ ចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឆ្នាំនេះ មានការធ្លាក់ចុះចំនួន ១,១២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈទឹកប្រាក់ដែលទទួលបានក៏ធ្លាក់ចុះ ១,១៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ក៏បានបញ្ជាក់ដែរថា ក្នុងខែតុលា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសចំនួន ៦០ ២៤៩ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលគិតជាទឹកប្រាក់មានចំនួន ២ ៨៦៦ ៨៧៣ ដុល្លារ។ ចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែតុលា ធ្លាក់ចុះ ១៨,៩៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈចំណូលដែលទទួលបានក្នុងខែតុលាក៏ធ្លាក់ចុះ ១៧,២៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
របាយការណ៍បន្ថែមថា រយៈពេល១០ខែនេះ ការលក់បណ្ណនៅប្រាសាទកោះកែរមានចំនួន ១៥ ៥៨៤ នាក់ គិតជាទឹកប្រាក់មានចំនួន ២៣៣ ៧៦០ ដុល្លារ។ រីឯចំណូលពីការលក់សំបុត្រនៅបេងមេលា រយៈពេល១០ខែនេះទទួលបានភ្ញៀវទេសចរសរុបចំនួន ១២ ៤៦៧ នាក់ គិតទឹកប្រាក់ចំនួន ១២៤ ៦៧០ ដុល្លារ។ ចំពោះការលក់សំបុត្រទូកនៅភ្នំក្បាលស្ពានរយៈពេល១០ខែនេះ មានភ្ញៀវទេសចរសរុបចំនួន ១ ០៣១នាក់ គិតជាទឹកប្រាក់មានចំនួន ៥ ១៥៥ ដុល្លារ ខណៈចំណូលពីការលក់សំបុត្រទូករយៈពេល១០ខែនេះ មានចំនួន ១ ០៦០ ៣០១ ដុល្លារ៕