ភ្នំពេញ៖ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមហើយនៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ និង មានឱកាសការងារប្រមាណជាង៣ម៉ឺនកន្លែង ដែលជាឱកាសដ៏ធំបំផុតប្រចាំឆ្នាំ។ក្នុងពិព័រណ៍ដែលធ្វើនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គឺជាឱកាសដ៏រីករាយ និងជាឱកាសដែលយុវជនទទួលបានការងារធ្វើ រួមទាំងទទួលបានបទពិសោធថ្មីៗ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ១ ៨០០នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។
វេទិកានេះ បានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅដល់ការបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។
កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារសរុបប្រមាណ ២៧ម៉ឺននាក់។
លោក ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលយ៉ាងលឿន ជាពិសេសឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការលើកកម្ពស់ផលិតភាព ដោយប្រែក្លាយកម្លាំងពលកម្មជំនាញ និងមានផលិតភាពខ្ពស់ តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត។
លោក ហេង សួរ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចការនេះឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។ នៅកម្រិតវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អៗ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។ នៅកម្រិតសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗជាអ្នកនាំមុខ ក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងភាពស្របគ្នាល្អ, ការធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅឱ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លើសពីនេះទៀត សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា។
ចូលរួមថ្លែងក្នុងពិធីបើកដ៏មានសារ:សំខាន់នោះផងដែរ រួមមាន លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ លោក ALBERT TAN អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្ហាញនូវការគាំទ្រ និងលើកឡើងនូវមតិយោបល់ដូចគ្នា ដើម្បីជំរុញនូវកំណើនឱកាសការងារ និងផលិតភាពការងារខ្ពស់នៅកម្ពុជា៕