681 ezgif.com resize
Swift cc time

ក្រុមហ៊ុន Smart បញ្ចប់ការដំឡើងឧបករណ៍ EasyAAU របស់ក្រុមហ៊ុន Huawei នៅទីប្រជុំជនសំខាន់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបញ្ចប់ការដំឡើងឧបករណ៍ 2.3GHz EasyAAU ទ្រង់ទ្រាយធំនៅតាមទីប្រជុំជនសំខាន់ៗទូទាំងប្រទេស។ កំណែប្រែបណ្ដាញនេះ ជាជំហានសំខាន់មួយទៀតក្នុងការផ្លាស់ប្ដូរបណ្ដាញប្រពៃណី nTnR ទៅប្រើបណ្ដាញថ្មី Massive MIMO (MM) ដែលមានប្រសិទ្ធភាពខ្ពស់ និងបៃតង។

បណ្ដាញថ្មីនេះ នឹងជួយដោះស្រាយបញ្ហានានារបស់អ្នកប្រើប្រាស់ ហើយពង្រឹងភាពឈានមុខរបស់ Smart ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ល្បឿនអ៊ីនធឺណិតនាំមុខនៅកម្ពុជា។ តាមរយៈការវិនិយោគឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធបណ្ដាញរបស់ខ្លួន Smart កំពុងជំរុញយ៉ាងសកម្មលើយុទ្ធសាស្រ្តឌីជីថលរបស់ខ្លួន ក៏ដូចជាការផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គមឌីជីថលនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Smart បានបោះជើងយូរមកហើយនៅកម្ពុជា ហើយក្លាយជាក្រុមហ៊ុននាំមុខគេលើការអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្ត៍បច្ចេកវិទ្យា។ ក្រុមហ៊ុន Smart ក៏នាំមកមុនគេនូវបច្ចេកវិទ្យាជាច្រើនដូចជាក្នុងការឆ្នាំ២០១៤ ក្លាយជាប្រតិបត្តិករដំបូងគេដែលដាក់ឲ្យប្រើសេវាកម្មអ៊ីនធឺណិត 4G ហើយបន្ទាប់មកក៏បានដាក់ដំណើរការសេវាកម្មសំឡេងលឺច្បាស់តាមប្រព័ន្ធ VolTE និងចុងក្រោយក៏ជាក្រុមហ៊ុនទី១ ដែលដាក់ឲ្យប្រើបច្ចេកវិទ្យា Massive MIMO នៅកម្ពុជា។ តាមរយៈការដាក់ចេញបច្ចេកវិទ្យាបន្តបន្ទាប់ Smart បានកសាងបណ្ដាញ 4G ដែលដំណើរការយ៉ាងទូលំទូលាយនៅកម្ពុជា។

ស្របពេលយុទ្ធសាស្រ្តឌីជីថលជាតិបន្តឆ្ពោះទៅមុខ ការប្រើទូរស័ព្ទឆ្លាតវៃក៏បន្តកើនឡើង ហើយកញ្ចប់ទិន្នន័យអ៊ីនធឺណិតក៏កាន់តែសម្បូរបែប។ និន្នាការនេះ នាំដល់ការកើនឡើងការមើលវីដេអូ និងមាតិកាផ្សេងតាមទូរស័ព្ទដៃ។ នៅតាមទីប្រជុំជនអ៊ូអរ បណ្ដាញអ៊ីនធឺណិតរបស់ក្រុមហ៊ុន Smart ជួបប្រទះសម្ពាធលើការប្រើប្រាស់អ៊ីនធឺណិត។ ជាមួយប្រព័ន្ធ 2.3GHz ដែលដើរតួជាស្រទាប់ពង្រឹងសមត្ថភាពអ៊ឺនធឺណិត ការបង្កើនលទ្ធភាពទទួលបានអ៊ឺនធឺណិត ជារឿងសំខាន់ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន។

ប្រព័ន្ធ 2.3GHz EasyAAU ដែលទើបដំឡើងថ្មីៗ ជាដំណោះស្រាយដ៏ល្អ ដោយបានរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗដូចជាការរចនាអង់តែនដូចស្លឹក ដែលដំណើការបានស្រួល ហើយសន្សំថាមពលថែមទៀត។ យោងតាមទិន្នន័យពីបណ្ដាញនៅភ្នំពេញ EasyAAU អាចបង្កើនសមត្ថភាពបណ្ដាញ ហើយបង្កើនអត្រាអ៊ីនធឺណិត៣ដង ធៀបនឹងប្រព័ន្ធ 8T8R ។ ដំណោះស្រាយថ្មី ក៏អាចសន្សំថាមពលដល់ទៅ៤៥ភាគរយ ដែលស្របតាមការប្ដេជ្ញាចិត្តយូរអង្វែងរបស់ Smart ក្នុងការផ្ដល់សេវាកម្មដែលល្អដល់បរិស្ថានបៃតង និងគាំទ្រដល់ការកាត់បន្ថយកាបូន ក៏ដូចជាបណ្ដាញឥតខ្សែដែលមានចីរភាព។

លោក Li Jie អនុប្រធានផ្នែក Huawei Wireless Product Line និយាយថា ក្រុមហ៊ុន មានកិត្តិយសសហការជាមួយក្រុមហ៊ុន Smart Axiata ក្នុងការផ្ដល់ដំណោះស្រាយនវានុវត្តន៍ និងគាំទ្រក្រុមហ៊ុន Smart លើការស្ថាបបណ្ដាញដែលប្រកួតប្រជែង បៃតង និងកាបូនទាប។

លោក Muhammad Adeel Israr នាយកផ្នែកបច្ចេកវិទ្យា និងព័ត៌មានរបស់ Smart និយាយថា៖ «តាមរយៈការពង្រីកបណ្ដាញ និងការដំឡើងបច្ចេកវិទ្យាឥតឈប់ឈរនេះ យើងអាចផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធកាន់រលូន ព្រមគ្នានឹងការគាំទ្របណ្ដាញរឹងមាំសម្រាប់ការតភ្ជាប់ដោយបរិយាបន្ន សង្គមឌីជីថល និងទីក្រុងឆ្លាត។ រាល់ការវិនិយោគរបស់យើង គឺជាការប្ដេជ្ញាចិត្តចំពោះអនាគតឌីជីថលរបស់ប្រទេស។»

ខណៈដែលកម្ពុជាធ្វើដំណើរឆ្ពោះទៅកាន់សង្គមដែលឆ្លាត និងតភ្ជាប់កាន់តែខ្លាំង ក្រុមហ៊ុន Smart នឹងបន្តយកនវានុវត្តន៍បច្ចេកវិទ្យាបេសកកម្មស្នូល ដោយកសាងបណ្ដាញគមនាគមន៍មួយប្រកបដោយគុណភាពខ្ពស់ និងទុកចិត្តបាន ដើម្បីជំរុញការអភិវឌ្ឍឌីជីថលនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង