បារាំង៖ សម្តេច ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ការលើកឡើងនេះ កំឡុងពេលសម្តេច ឃួន សុដារី ធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ។
សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ 'សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។
គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។
ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺបានហាមឃាត់ជាដាច់ខាតនូវការដាក់មូលដ្ឋានយោធានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទោះបីជាយ៉ាងនេះក្តី មិនមានន័យថា កម្ពុជាមិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនោះទេ។ ជាការពិត កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងវិបុលភាពសម្រាប់ពិភពលោក តាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃសីលធម៌ និងច្បាប់អន្តរជាតិ។
កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបទេសរបស់យើងគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ការចូលរួមរួមរបស់កម្ពុជាជាមួយតួអង្គខាងក្រៅ គឺផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕