ភ្នំពេញ៖ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នៅថ្ងៃទី ៣១ តុលានេះ បានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុង ព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និង ភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា។ព្រះរាជពិធីនេះ រៀបចំឡើងនៅព្រះមហាចេតិយព្រះបរមរតនកោដ្ឋ ក្នុងបរិវេណព្រះវិហារព្រះកែវ នៃព្រះបរមរាជវាំង។
ពិធីរៀបចំឡើងដោយមានការយាង និមន្ត និង អញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និង មន្ត្រីរាជការជាច្រើនរូបទៀត។
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕