ឥណ្ឌូនេស៊ី៖ ទីក្រុងហ្សាកាតាកំពុងរៀបចំហាមឃាត់ការលក់ និងបរិភោគសាច់ឆ្កែ និងឆ្មា ក្នុងផែនការរបស់ខ្លួនដើម្បីការពារសុខភាពសាធារណៈ ទប់ស្កាត់ជំងឺឆ្កែឆ្កួត និងលើកកម្ពស់សុខុមាលភាពសត្វ ដែលជាការផ្លាស់ប្តូរវប្បធម៌និងជាច្បាប់ថ្មីមួយដែលអាចបំផ្លាញប្រពៃណីរាប់សតវត្សនៅក្នុងរដ្ឋធានីឥណ្ឌូនេស៊ីរបស់ខ្លួនតាំងពីបុរាណកាលមក។
បើតាមលោកប្រាម៉ូណូអុងអភិបាលក្រុងហ្សាកាតា បានគូសបញ្ជាក់ថាបទប្បញ្ញត្តិថ្មីនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈដ៏ខ្លីខាងមុខនេះនឹងហាមឃាត់ការលក់ ឬជួញដូរសាច់ឆ្កែ និងឆ្មា។ លោកបានមានប្រសាសន៍ទៀតថាបន្ទាប់ពីជួបជាមួយតំណាងអង្គការ Dog Meat Free Indonesia (DMFI) លោកថាស្ថានភាពជួញដូរសាច់ឆ្កែ និងបរិភោគនៅទីក្រុងហ្សាកាតាគឺគួរឱ្យព្រួយបារម្ភជាខ្លាំងដោយសារតែកំណើនកើនខ្លាំងដូចច្នេះត្រូវតែរៀបចំច្បាប់ទប់ស្កាត់ការហាមឃាត់ទាំងលក់ និងបរិភោគ។
គួរកត់សម្គាល់ថាទីក្រុងហ្សាកាតាជាក្រុងមួយដែលគ្មានជំងឺឆ្កែឆ្កួតអស់រយៈពេល ២១ ឆ្នាំមកហើយ ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តចំនួន ១១ ក្នុងចំណោមខេត្តចំនួន ៣៨ របស់ប្រទេសឥណ្ឌូនេស៊ីដែលមិនកើតមានជំងឺឆ្កែឆ្កួតអស់រយៈពេលជាយូរ។ អាជ្ញាធរសង្ឃឹមថា ចំណាត់ការច្បា់ថ្មីនេះនឹងទប់ស្កាត់ការលក់ និងបរីភោគសាច់ឆ្កែបាននៅទូទាំងប្រទេស ហើយក៏ជាជណ្តើរសម្រាប់ឈានទៅដល់ការលុបបំបាត់ជំងឺឆ្កែឆ្កួតទូទាំងប្រទេសនៅឆ្នាំ ២០៣០៕