681 ezgif.com resize
Swift cc time

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរត្រឡប់មកពីថៃវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងធនាគារពិភពលោក បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនេះ រដ្ឋមន្រ្តីក្រសួងការងារ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ លោកបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋមន្រ្តីក្រសួងការងារ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។

ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួអការងារ ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។

ជាចុងក្រោយ ភាគីទាំងពីរ ក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ៕


Khcct banner

អត្ថបទទាក់ទង