681 ezgif.com resize
Swift cc time

គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងត្រូវ«រៀនបណ្តើរ បង្រៀនបណ្តើរ» ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូនៅឆ្នាំសិក្សាថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នឹងត្រូវ«រៀនបណ្តើរ បង្រៀនបណ្តើរ» ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូនៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦។ ការលើកឡើងនេះ ធ្វើឡើងអំឡុងពេលប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

យោងតាមគេហទំព័រផ្លូវការនៃក្រសួងមុខងារសាធារណៈ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ បានលើកឡើងថា “ជាប្រវត្តិសាស្រ្តហើយ ដែលយើងរើសគ្រូបឋមសិក្សាមានបរិញ្ញាបត្រ”។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មុននឹងអាចជាប់ តម្រូវឱ្យមានបរិញ្ញាបត្រជាមុនសិន ដូចនេះ គ្រូបង្រៀនមានគុណវុឌ្ឍ និងចំណេះដឹងរួចមកហើយ តែនឹងត្រូវពង្រឹងសមត្ថភាពផ្នែកវិធីសាស្រ្តបង្រៀន តាមរយៈការបណ្តុះបណ្តាលតាមអនឡាញ និងការរៀនផ្ទាល់នៅចុងសប្តាហ៍ជាមួយគរុកោសល្យ ដើម្បីអាចមានគ្រប់ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។

បើតាមលោករដ្ឋលេខាធិការ ក្រសួងអប់រំ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីបណ្តុះសមត្ថភាពគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលគ្រូនឹងត្រូវរៀនពីវិធីសាស្រ្តបង្រៀន តាមអនឡាញនាពេលល្ងាច នៅថ្ងៃច័ន្ទ អង្គារ ពុធ ហើយបង្រៀនសិស្សនៅពេលព្រឹក ដែលមានគ្រូបង្រៀនយូរមកហើយជាគ្រូបង្គោលនិងណែនាំ ចែករំលែកបទពិសោធន៍។ ចំណែកឯ ថ្ងៃព្រហស្បតិ៍ សុក្រ គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ អាចចំណាយពេលធ្វើកិច្ចតែងការ។ បន្ថែមពីនេះ គ្រូបង្រៀននឹង ត្រូវរៀនផ្ទាល់នៅតាមគរុកោសល្យ នាថ្ងៃសៅរ៍ អាទិត្យ និងពេលវិស្សមកាលធំ ត្រូវទៅរៀនដើម្បីបញ្ចប់បានវិញ្ញាបនបត្រគរុកោសល្យ ដើម្បីទទួលបានជាអាជ្ញាបណ្ណ ក្រោយប្រឡងបញ្ចប់។

គួរបញ្ជាក់ថា ក្រសួងមុខងារសាធារណៈបានប្រកាសជ្រើសរើស«គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ចំនួន ៣,២១៣កន្លែង ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងខេត្តចំនួន៥ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ហើយបានរៀបចំការប្រឡងវិញ្ញាសាសរសេរ និង វិញ្ញាសាពហុចម្លើយ កាលពិថ្ងៃទី ២៥ តុលា ២០២៥។ ជាលទ្ធផល គណៈកម្មការសម្រាំងបានបេក្ខជន ៣ ០២៤ នាក់ ដើម្បីចូលធ្វើគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ខណៈតម្រូវការមាន៣,២១៣នាក់។ ក្នុងចំណោមបេក្ខជនដែលជាប់ជាស្ថាពរចំនួន៣០២៤នាក់ គឺមានខេត្តព្រៃវែងចំនួន ៨៩៣នាក់,ខេត្តត្បូងឃ្មុំចំនួន ៦១០នាក់,ខេត្តកំពង់ចាមចំនួន ៥១៣នាក់,ខេត្តបាត់ដំបងចំនួន ៥៧៩នាក់ និងតាកែវចំនួន ៤២៩នាក់។

Khcct banner

អត្ថបទទាក់ទង