ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងបន្តបង្ហាញការគាំទ្រដល់ការលើកកម្ពស់ជីវភាព និងសមត្ថភាពសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅកម្ពុជា ដោយបានឧបត្ថម្ភដល់កម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាពមួយ ដើម្បីពង្រឹងម្ចាស់អាជីវកម្មដែលមានពិការភាពមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងវិនិយោគិនសក្តានុពល ដើម្បីស្វែងរកឱកាសពង្រីកអាជីវកម្ម។
យោងតាមគេហទំព័រផ្លូវការនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ពិធីអបអរសាទរមួយត្រូវបានធ្វើឡើងដើម្បីផ្តល់កិត្តិយសដល់សហគ្រិនកម្ពុជាចំនួន ១១ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីបណ្តុះបណ្តាលរយៈពេលមួយឆ្នាំនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងអាជីវកម្ម និងជំនាញសហគ្រិនភាពសម្រាប់ជនមានពិការភាព ដើម្បីឱ្យពួកគេអាចពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
អូស្ត្រាលីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រជនមានពិការភាព ដោយទទួលស្គាល់ថា "មនុស្សគ្រប់រូបទទួលបានអត្ថប្រយោជន៍ពីសមធម៌ពិការភាព"។ ការគាំទ្រនេះមានគោលដៅលើកកម្ពស់គុណភាពជីវិតរបស់ជនមានពិការភាព និងធានាថាពួកគេអាចចូលរួមពេញលេញនៅក្នុងសង្គម ដោយមិនមាននរណាម្នាក់ត្រូវបានទុកចោលឡើយ៕