ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដែលមានអ្នកចូលរួមប្រមាណ ១៧៥៣នាក់ (ស្រី្តចំនួន៩២២នាក់)។
យោងតាមគេហទំព័រផ្លូវការនៃក្រសួងកិច្ចការនារី យុទ្ធនាការនេះមានគោលបំណង លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូបជាពិសេសបុរសនិងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញដើម្បីអនុវត្តនូវសិទ្ធិ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។
គួរបញ្ជាក់ថា «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ មានការចូលរួមបើកកម្មវិធីពី លោកស្រី គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា៕