ភ្នំពេញ៖ កម្ពុជា-ឡាវ-វៀតណាម បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិសារអាហារពេលព្រឹកការងារ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានរៀបចំអាហារពេលព្រឹកការងារ ជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតិសហរដ្ឋអាម៉េរិក Donald J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។
ជាមួយប្រទេសឡាវ សម្ដេច ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ចំណែកប្រទេសវៀតណាម សម្ដេចបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។
ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍៕