ភ្នំពេញ៖ ក្រុមហ៊ុន GTV MOTOR CO., LTD សហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាឈុងឈីង(CQUT) រៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការ គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (New Energy Vehicle and Industrial Technology Institute)។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុន GTV ក៏ដូចជាថ្នាក់ដឹកនាំពីសាកលវិទ្យាល័យបច្ចេកវិទ្យាឈុងឈីង (CQUT) និងស្ថាប័នពាក់ព័ន្ធនានា។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា កម្មវិធីនៃការប្រារព្វដាក់ឱ្យដំណើរការ គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (New Energy Vehicle and Industrial Technology Institute) នាឱកាសនេះ ពិតណាស់ថាជាសកម្មភាពមួយដែលកើតចេញពីចំណងនៃកិច្ចសហប្រតិបត្តិការកន្លងមកចំនួន ០២លើក ដែលរួមមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ គ្រូបង្គោលពីវិទ្យាស្ថានជាតិពហុបច្ចេកទេស កម្ពុជា(NPIC) និងបុគ្គលិកជំនាញពីខាង ក្រុមហ៊ុនជីធីវី ម៉ូធ័រ ប្រមាណ ៥០ រូប ត្រូវបានចាត់បញ្ជូនទៅចូលរួមវគ្គ បណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាយានយន្តអគ្គិសនីនេះ នៅទីក្រុងឆុងឈីងថ្មីនេះ។
លោកបន្តថា ការខិតខំប្រឹងប្រែងបង្កើតឱ្យមាន គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នេះឡើង គឺកត្តាចូលរួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងក៏ជាទឡ្ហីករណ៍សំខាន់ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយការបំភាយកាបូន ព្រមជាមួយតម្រូវការនៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
បន្ថែមពីនេះទៀត គម្រោងវិទ្យាស្ថាននេះ ក៏ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រនៃប្រជាជាតិទាំងពីរ គឺសហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយផងដែរ។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបង្ហាញការគាំទ្រការបង្កើត គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (New Energy Vehicle and Industrial Technology Institute) នៅកម្ពុជា ដែលនឹងជួយបំពេញហេដ្ឋារចនាសម្ព័ន្ធគាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម «គោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០» ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការអនុវត្តជាក់ស្តែង និងរីកចំរើនទៅអនាគត៕