681 ezgif.com resize
Swift cc time

កម្ពុជាកំណត់គោលដៅសម្រេចបានការចុះបញ្ជី «រថយន្តប្រភេទ EV សុទ្ធ» ចំនួន៣ម៉ឺនគ្រឿង ត្រឹមឆ្នាំ២០៣០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្ពុជាកំណត់គោលដៅត្រឹមឆ្នាំ២០៣០ សម្រេចបានការចុះបញ្ជី៖ រថយន្តប្រភេទ EV សុទ្ធ ចំនួន ៣០.០០០ គ្រឿង ក្នុងនោះរថយន្ត EV សុទ្ធ (private cars) ចំនួន ២៥.០០០ គ្រឿងនិងរថយន្ត EV សុទ្ធ សម្រាប់ប្រើក្នុងសកម្មភាពអាជីវកម្ម (commercial cars) ចំនួន ៥.០០០ គ្រឿងទោចក្រយានយន្ត EV សុទ្ធ ចំនួន ៧២០.០០០ គ្រឿង និងត្រីចក្រយានយន្ត EV សុទ្ធ ចំនួន ២០.០០០ គ្រឿង ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនិងតាមបច្ចេកវិទ្យាយានយន្តអគ្គិសនី ។ នេះបើតាមប្រសាសន៍ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៧ តុលា ឆ្នាំ២០២៥ នៅក្នុងកម្មវិធីសម្ពោធន៍ដាក់ឱ្យដំណើរការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ នេះ ទីផ្សារយានយន្តនៅកម្ពុជាកំពុងការរីកចម្រើនយ៉ាងខ្លាំងនិងដំណើរការយ៉ាងស្វាហាប់ ដែលជំរុញកំណើនទីផ្សារនូវភាពសម្បូរបែប ដែលក្នុងនោះឃើញមានការកើនឡើងនៃចំណាប់អារម្មណ៍លើរថយន្តអគ្គិសនីផងដែរ។

លោកបានបន្តរៀបរាប់ថា ចំពោះវិស័យយានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យរថយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ ពិតជាបានតម្រង់ទិសការអភិវឌ្ឍឱ្យចំគោលដៅ និងធានាភាពធន់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលនៅកម្ពុជា ដែលបានគិតគូរដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៃធាតុផ្សំរួមមាន៖ តួរថយន្ត សំបកកង់ អាគុយ ម៉ាស៊ីន គ្រឿង/បង្គុំ អេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងៗទៀត ដល់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយថាមពល ថាមពលកកើតឡើងវិញ ការតភ្ជាប់អន្តរវិស័យ ព្រមទាំងការបណ្តុះបណ្តាល យន្តការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគ ការអភិវឌ្ឍន៍ ការស្រាវជ្រាវ ការច្នៃប្រឌិតនិងការប្រើប្រាស់រថយន្តអគ្គិសនី។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុក ចំនួន ០៨ (ប្រាំបី) រួមមាន ក្រុមហ៊ុន“Ford, Ssangyong, Hyundai, KIA, Isuzu, Toyota, BYD និង GTV Motor” ។ ក្រុមហ៊ុនតំឡើងម៉ូតូទូទៅមានចំនួន ០២ Honda និង Suzuki , ក្រុមហ៊ុនដំឡើងម៉ូតូអគ្គិសនីចំនួន ០១ គឺក្រុមហ៊ុនVW&C; និងក្រុមហ៊ុនដំឡើងកង់បីអគ្គិសនីមួយគឺ Onion Mobility៕

Khcct banner

អត្ថបទទាក់ទង