ម៉ាឡេស៊ី៖ ប្រទេសកម្ពុជា និងកូរ៉េ នាថ្ងៃទី២៧ តុលានេះ បានឯកភាពគ្នានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋបច្ចេកវិទ្យា ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការចម្រុះមួយ ដែលនឹងធ្វើឡើងអំឡុងខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹង Online scam។ ការប្រកាសនេះ ធ្វើឡើងក្នុងពេលដែល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំអាស៊ាន។
ក្នុងជំនួបនោះ សមភាគីទាំងពីរ បានជួបជជែកគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
បើតាម សម្តេច ហ៊ុន ម៉ាណែត ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕