ក្រុងគូឡាឡាំពួ៖ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr នៅថ្ងៃទី ២៦ តុលានេះ បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ និងបានប្តេជ្ញាចូលរួមជាមួយកម្ពុជា ដើម្បីធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន សម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។
បើតាមលោក Marcos ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការ តាមសំណូមពររបស់កម្ពុជា សំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ ព្រមជាមួយគ្នានោះលោក បានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជូនហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី លើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។សម្តេចបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ សម្តេចសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។
ជារួមថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និង ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅប្រទេសកម្ពុជា នាខែកញ្ញា កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ៕